ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក រ័ត្ន សុវណ្ណនៈ, លោកស្រី សាយ សំអាត និងលោក យឹម លាត ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៧។
លោក យឹម លាត កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៨៦ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកជាកូនបង្កើតលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោក យឹម លាត មានបងប្អូនបង្កើតចំនួន ៤រូប ទី១ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ត្រូវជាកូនប្រសារលោក ជា សុផារ៉ា ទី២ លោកស្រី យឹម ឆៃលី ជាភរិយាលោក ហ៊ុន ម៉ានី ទី៣ លោក យឹម លាត និងទី៤ លោក យឹម ល័ក្ខ គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ។ ភរិយារបស់លោក គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ៕
នៅឆ្នាំ ១៩៩៧ លោកត្រូវបានឪពុកម្តាយបញ្ជូនឱ្យទៅសិក្សារៀនសូត្រនៅប្រទេសបារាំង ហើយលោកបានចូលរៀននៅសាលា JEAN MOULIN ។ ក្នុងឆ្នាំ២០០១ លោកបានបន្តការសិក្សានៅសហរដ្ឋអាមេរិក បានបន្តការសិក្សានៅសាលា FAIRMONT ACADEMY និងបានបញ្ចប់ថ្នាក់មធ្យមសិក្សានៅឆ្នាំ២០០៣។ នៅឆ្នាំ២០០៩ លោកបានបញ្ចប់ថ្នាក់បរិញ្ញបត្រ និងអនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យ DEVRY ។
លោក យឹម លាត បានបញ្ចប់ការសិក្សានៅបរទេស លោកធ្លាប់ចូលបម្រើការងារនៅក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលមានតំណែងជាអគ្គលេខាធិការរង។ ដោយហេតុតែចង់ក្លាយជាអ្នកនយោបាយមួយរូប នៅក្នុងឆ្នាំ២០១៨ លោកបានចាប់ផ្តើមប្រឡួកខ្លួនក្នុងនយោបាយ ដោយបានឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្ត។
អំឡុងនោះ លោក យឹម លាត ត្រូវបានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តនៅមណ្ឌលខេត្តកំពង់ធំ ជាសមាជិករដ្ឋសភាពេញលេញនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។ បច្ចុប្បន្ន លោកជាសមាជិកនៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឬហៅកាត់ថាគណៈកម្មការទីពីនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តនៅមណ្ឌលខេត្តកំពង់ធំ៕