ក្រោយទទួលតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប៉ុន្មានម៉ោង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា បានប្រកាសថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សក្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឱ្យលោកបានចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលលោកមាន។
លោក ព្រាប កុល បានលើកឡើងលើបណ្តាញហ្វេសប៊ុក កាលថ្ងៃទី១៣ ខែឧសភាម្សិលមិញដោយបង្ហាញអារម្មណ៍រីករាយ និងកិត្តិយសដែលបានទទួលការអនុញ្ញាតពីសម្តេចឱ្យលោលបានចូលជួបសម្តែងការគួរសម និងបានពិភាក្សាអំពីកិច្ចការមួយចំនួន និងជាពិសេសបានស្តាប់នូវការចែករំលែកគតិបណ្ឌិត បទពិសោធន៍ ក៏ដូចជាចក្ខុវិស័យសម្រាប់កម្ពុជានាពេលអនាគត។
លោកបានសរសេរក្នុងន័យដើមបែបនេះថា៖ «រយ:ពេលជាង៤ម៉ោងដែលខ្ញុំបានជែកពិភាក្សា និងស្តាប់ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺបានផ្តល់នូវចំណេះដឹងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងដែលមិនមានបង្រៀននៅគ្រិះស្ថានអប់រំណាមួយឡើយ»។
ទន្ទឹមនឹងនោះ លោក ព្រាប កុល បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំធ្វើការបម្រើជាតិ មាតុភូមិឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ប្រកបដោយវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់។
លោកព្រាប កុល បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០ បន្ទាប់ ពីដឹកនាំស្ថាប័នមួយនេះអស់រយៈពេល៨ឆ្នាំឬ២អាណត្តិ ជិត ១០ឆ្នាំ។
កាលនៅកាន់ដំណែងនាយកប្រតិបត្តិអង្គការតម្លាភាព លោកក៏ធ្លាប់ត្រូវបានស្ថានប័នអន្តរជាតិប្រចាំនៅសាកលវិទ្យាល័យ British Columbia ស្ថិតនៅប្រទេសកាណាដា បាន ប្រកាសជាសាធារណ : អំពីសមាសភាពរបស់លោកជា សមាជិកក្រុមប្រឹក្សាភិបាលនៃពានរង្វាន់ Allard Prize សម្រាប់សុចរិតភាពអន្តរជាតិ។ ពានរង្វាន់នេះគឺមានទឹកប្រាក់ 100,000$ សម្រាប់ផ្តល់ជូនដល់សកម្មជនប្រឆាំងអំពើពុករលួយនិងសកម្មជនសិទ្ធិមនុស្ស ដែលប្រថុយជីវិត និង ការគ្រោះថ្នាក់នានាដើម្បីបុព្វហេតុពិភពលោកមានភាពស្អាតស្អំ និងការគោរពសិទ្ធិមនុស្ស ។
ក្រោយចាកចេញពីអង្គការសង្គមសុីវិល លោក ព្រាប កុល ចាប់ផ្តើមហក់ចូលប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យវិញម្តង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ។
មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ព្រាប កុល ជាអ្នកបណ្ដុះបណ្ដាលដែលទទួលបានសញ្ញាបត្របញ្ជាក់ពី មជ្ឈមណ្ឌល Oxford សម្រាប់ភាពជាអ្នកដឹកនាំនៃព្រះរាជាណាចក្រអង់គ្លេសពីឆ្នាំ ២០១០ ដល់២០១២ ។ លោកបាន ទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកការអភិវឌ្ឍ សេដ្ឋកិច្ច និងគ្រប់គ្រង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ នយោបាយពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ ក្រៅអំពីនេះលោកក៏ទទួលបានសញ្ញាបត្រភាសាអង់គ្លេសពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ផងដែរ។
បទពិសោធន៍ការងារ
• ២០១២ ៖ នាយកប្រតិបត្តិនៃអង្គការតម្លភាពកម្ពុជា
• ២០១០ ៖ អគ្គរដ្ឋទូតសន្តិភាពនៃសហព័ន្ធសន្តិភាពសាកល
• ២០១០ ៖ អ្នកបណ្ដុះបណ្ដាលដែលទទួលបានសញ្ញាបត្របញ្ជាក់ពីមជ្ឈមណ្ឌល Oxford សម្រាប់ភាពជាអ្នកដឹកនាំ,ប្រទេសអង់គ្លេស
• ២០១០ ៖ ស្ថាបនិក YESWECAN
• ២០០៩ ៖ នាយកប្រតិបត្តិនៅក្រុមហ៊ុន AngkorOne.com
• ២០០៨ ៖ ទីប្រឹក្សាកម្មវិធីនៅធនាគារពិភពលោក
• ២០០៧ ៖ អនុប្រធានសម្របសម្រួលកម្មវិធីនៅធនាគារពិភពលោក
• ២០០៦ ៖ អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
• ២០០៥ ៖ អ្នកគ្រប់គ្រងកម្មវិធីនៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
• ២០០៣ ៖ មន្ត្រីកម្មវិធីជាន់ខ្ពស់នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
• ២០០២ ៖ មន្ត្រីកម្មវិធីនៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
• ២០០២ ៖ អ្នកបកប្រែ / ជំនួយការនៅសហព័ន្ធសហភាពអឺរ៉ុប (EU)
• ២០០០ ៖ អភិបាលនៅChurch World Service (CWS)
• ១៩៩៧ ៖ ជំនួយការការិយាល័យនៅ Chruch World Service (CWS)
• ១៩៩៣ ៖ គ្រូបង្រៀនអង់គ្លេស
• ១៩៨៩ ៖ អ្នកចម្រៀង។