លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាន់ដំណែងអគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ជាមន្ត្រីវ័យក្មេងពោរពេញដោយសមត្ថភាព និងជាអ្នកនយោបាយវ័យក្មេងដែលមានចំណេះដឹងជ្រៅជ្រះផ្នែកភូមិសាស្រ្តនយោបាយក្នុងកិច្ចការវិស័យឋាមពលនៅកម្ពុជា។
មានវ័យ ៥០ឆ្នាំ លោក កែវ រតនៈ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាអង់គ្លេស ក្នុងឆ្នាំ១៩៩៤ បន្ទាប់មកលោកបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ជានិស្សិតនៅទីនោះបាន ៤ឆ្នាំ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ និងអនុបណ្ឌិតគ្រប់គ្រងផ្នែកអប់រំជាន់ខ្ពស់ពីសាកលវិទ្យាល័យ គូឡុំបៃ នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៩៧។
ក្នុងឆ្នាំ១៩៩៩៩ លោក កែវ រតនៈ ទទួលសញ្ញាប័ត្រអនុបណ្ឌិតកិច្ចការអភិវឌ្ឍន៍អន្តរជាតិ នៅសាកលវិទ្យាល័យជប៉ុនអន្តរជាតិ ទីក្រុងនីហ្គាតា នៃប្រទេសជប៉ុន។
លោកជាអតីតប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា។ ក្រោយមកលោកចូលកាន់ដំណែងជានាយកខុទ្ទកាល័យ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅខែសីហា ឆ្នាំ២០០៦ ហើយនៅថ្ងៃទី២ ខែធ្នូ លោកត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុងខែតុលា ឆ្នាំ២០០៧ ដល់ខែសីហា ឆ្នាំ២០០៨ លោកកាន់តួនាទីអគ្គនាយកទទួលបន្ទុកក្តាប់រួម អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
គួបផ្សំចំណេះដឹងពីបរទេស បូកជាមួយបទពិសោធន៍ការងារ លោក កែវ រតនៈ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំកាន់ដំណែងអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងអំឡុងកាន់ដំណែងអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងឆ្នាំ២០០៨ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា បន្ថែមលើមុខងារដែលបានតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៨ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ត្រាស់បង្គាប់ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕