“កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត”។ នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើង។
ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាបងប្រុសបង្កើត។ មុនទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ជាសមាជិករដ្ឋសភាវ័យក្មេងមួយរូប ចាប់តាំងពីឆ្នាំ២០១៣មក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
កើតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២ រដ្ឋមន្ត្រីវ័យក្មេងរូបនេះ ធ្លាប់បានសិក្សានៅសាកលវិទ្យាល័យបរទេសជាច្រើន រួមមាន៖ សាកលវិទ្យាល័យ The University of Melbourne របស់អូស្ត្រាលី, សាកលវិទ្យាល័យ Hofstra University និងសាកលវិទ្យាល័យ National Defense University របស់សហរដ្ឋអាមេរិក។
ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អាណត្តិ ២០២៣-២០២៨ ក្រោយរដ្ឋសភាកម្ពុជា បានផ្តល់សំឡេងគាំទ្រ ១២០/១២០ ក្នុងប្រជុំវិសាមញ្ញនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា