វិទ្យុអាស៊ីសេរី(RFA) និងកាសែត The Cambodia Daily Khmer ត្រូវបានអ្នកតាមដាន និងមហាជនកម្ពុជា ចាត់ទុកថា ជាសារព័ត៌មានដែលកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ និងបំប៉ោង ដើម្បីលាបពណ៌ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ អ្នកកាសែត២នាក់នៃសារព័ត៌មានទាំងនេះ ជាអ្នកដើរតួនាទីសំខាន់ គឺលោក ជុន ច័ន្ទបុត្រ និងលោក តាំង សារ៉ាដា។ អ្នកកាសែតដែលល្បីខាងញុះញង់ទាំង២នាក់នេះ កំពុងជាប់ឈ្មោះថា ជាអ្នកកាសែត«លក់ក្បាល»បម្រើបរទេស ដោយកំពុងផ្សព្វផ្សាយ និងធ្វើសកម្មភាពបំបែកបំបាក់រវាងខ្មែរ និងខ្មែរ។
វិទ្យុអាស៊ីសេរីក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្រប់គ្រងដោយលោក ជុន ច័ន្ទបុត្រ ដែលជាឈ្មោះក្លែងក្លាយ ហើយមានរឿងអាស្រូវអាក្រក់ៗជាច្រើនដោយថា លោក ជុន ច័ន្ទបុត្រ នេះ ឡើងគ្រប់គ្រងវិទ្យុអាស៊ីសេរីដោយទង្វើថោកទាបតាមរយៈការរិះរកគ្រប់វិធីបណ្តេញអ្នកគ្រប់គ្រងចាស់ចេញ ហើយឡើងគ្រប់គ្រងដោយខ្លួនឯង។ លោក ជុន ច័ន្ទបុត្រ មានឈ្មោះពិតថា ហួត ឃីនវុទ្ធី ហើយធ្លាប់មានរឿងអាស្រូវកិបកេងលុយនៅក្នុងវិទ្យុអាស៊ីសេរី និងត្រូវបានគេបណ្តេញចេញម្តងរួចមកហើយនាពេលកន្លងមក។ នេះបើតាមការនិយាយតៗគ្នារបស់អ្នកសារប័ត៌មានដែលស្គាល់លោក ជុន ច័ន្ទបុត្រ។
លោក ជុន ច័ន្ទបុត្រ ត្រូវបានបក្ខពួកខ្លួនអួតថា ជាអ្នកពូកែសម្ភាស ដោយសួរសំណួរស៊ីជម្រៅ និងចាក់ដោតចំពោះវាគ្មិនរបស់ខ្លួន។ ប៉ុន្តែ សំណួរចាក់ដោតទាំងនោះ គឺលោកតាំងសម្រាប់តែមន្រ្តីរាជរដ្ឋាភិបាល និងអ្នកដែលមាននិន្នាការកណ្តាលនិយមតែប៉ុណ្ណោះ។ រីឯ សម្រាប់ក្រុមអតីតបក្សប្រឆាំង ឬក្រុមអ្នកនយោបាយប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលជាគ្នីគ្នា និងបក្ខពួករបស់លោកវិញ គឺលោកតាំងសំណួរណាដែលអាចឱ្យពួកគេទាំងនោះ ឆ្លើយបានយ៉ាងងាយស្រួល និងជួយហុចដងដល់ពួកគេទាំងនោះ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថែមទៀត។ ពេលខ្លះ រូបលោកផ្ទាល់ដែលជាអ្នកសម្របសម្រួល ក៏បានភ្លេចខ្លួន ហើយក៏បានដើរតួជាវាគ្មិននៃក្រុមប្រឆាំង មកវាយប្រហារលើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបទសម្ភាសកន្លងមកក៏មានដែរ។
កាលនៅក្នុងប្រទេសកម្ពុជា លោក ជុន ច័ន្ទបុត្រ ត្រូវបានគេដឹងសឹងតែគ្រប់គ្នាថា លោកមានការទាក់ទងយ៉ាងស៊ីជម្រៅជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងដែលកាលណោះមាន ទណ្ឌិត សម រង្ស៊ី កឹម សុខា និងមន្រ្តីជាន់ខ្ពស់ដទៃៗទៀត។ កន្លងមក លោកត្រូវបានគេទម្លាយឱ្យដឹងថា មូលហេតុដែលលោកដឹកនាំកូនចៅ អាម៉ីអាថោង ដែលដើរតាមតោងកន្ទុយរបស់លោកផ្សព្វផ្សាព័ត៌មានមិនពិតវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជានោះ គឺជាថ្នូរជាមួយនឹងអតីតគណបក្សប្រឆាំង។ ពោល គឺថា បើសិនគណបក្សប្រឆាំង អាចជាប់ឆ្នោតដែលជារឿងស្រមើស្រមៃដ៏រវើរវាយនោះ អតីតគណបក្សប្រឆាំង នឹងប្រគល់ដំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មានដល់រូបលោក។ ព្រោះតែមហិច្ឆតា និងក្តីស្រមៃដ៏ឆ្កួតលីលានេះ លោក ជុន ច័ន្ទបុត្រ ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ទាំងដឹងថា រឿងទាំងនោះ វាផ្តល់ផលអាក្រក់ដល់ប្រទេសជាតិ និងប្រជាជនក៏ដោយ។
រឿងលោក ជុន ច័ន្ទបុត្រ ជាខ្សែរយៈរបស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះ បានលេចរូបរាងកាន់តែច្បាស់មែនទែននៅក្នុងអំឡុងឆ្នាំ២០១៧។ គឺនៅពេលនោះ លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនលួចចូលពន្ធនាគារព្រៃសជាមួយលោកស្រី មូរ សុខហួរ និងលោក ឡុង រី ដើម្បីសួរសុខទុក្ខសកម្មជនអតីតបក្សប្រឆាំងទចំនួន១៦នាក់កំពុងជាប់ឃុំនៅទីនោះ។ លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនជាជំនួយការរបស់លោកស្រី មួរ សុខសួរ ដើម្បីបានចូលក្នុងពន្ធនាគារ។ ទង្វើនេះ ត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជា ចាត់ទុកជាបទល្មើសដែលត្រូវផ្ទន្ទាទោសទៅតាមច្បាប់។ មិនខុសពីបក្ខពួកដែលជាមេដឹកនាំ និងមន្រ្តីអតីតបក្សប្រឆាំងដែរ គឺលោក ជុន ច័ន្ទបុត្រ បានលបលួចរត់ចោលស្រុកទៅបាត់ស្ងាត់ដំណឹង ដើម្បីគេសវេសពីការទទួលខុសត្រូវលើបទល្មើសរបស់ខ្លួន។
ដោយឡែក លោក តាំង សារ៉ាដា វិញ ត្បិតថា មានចរិតថោកទាបដូចលោក ជុន ច័ន្ទបុត្រ មែន ប៉ុន្តែ នៅមានភាពថ្លៃថ្នូរជាង ព្រោះលោកមិនបានទាក់ទងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងស៊ីជម្រៅឡើយ។ ដើមឡើយ លោក តាំង សារ៉ាដា គឺជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីនៅក្នុងទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និយាយជារួម ជាកូនចៅក្រោមបង្គាប់ ក្រោមការដឹកនាំគ្រប់គ្រងបែបផ្តាច់ការរបស់លោក ជុន ច័ន្ទបុត្រ។ លោក ជុន ច័ន្ទបុត្រ នេះ ដើរចោទគេចោទឯងថា ផ្តាច់ការបែបនេះ ផ្តាច់ការបែបនោះ តែតាមពិត បុគ្គលរូបនេះ គ្រប់គ្រងបុគ្គលិករបស់ខ្លួនយ៉ាងផ្តាច់ការដ៏គួរឱ្យស្អប់ខ្ពើម។ ផ្តាច់ការ នៅត្រង់ថា បើលោកចង់ឱ្យបុគ្គលិកណាសរសេរពីអ្វី គឺដាច់ខាតត្រូវតែសរសេរពីហ្នឹង បើមិនដូច្នេះទេ នឹងមានបញ្ហាមិនខានឡើយ។ ម្យ៉ាងវិញទៀត គ្រប់អត្ថបទទាំងអស់ គឺបុគ្គលរូបនេះ ត្រួតពិនិត្យ និងកែសម្រួលខុសពីសំណៅដើម ដើម្បីឱ្យមានលក្ខណៈវាយប្រហាររាជរដ្ឋាភិបាលខ្លាំងៗតាមដែលលោក និងមេកើយរបស់លោកចង់បាន។
ជាក់ស្តែងណាស់ ប្រហែលដោយសារតែការគ្រប់គ្រងបែបផ្ដាច់ការ និងដ៏អាក្រក់ជូរជាតិរបស់លោក ជុន ច័ន្ទបុត្រនេះហើយ ទើបលោក តាំង សារ៉ាដា បានលាឈប់ពីវិទ្យុអាស៊ីសេរីយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។ ក្នុងពេលលាឈប់នោះ លោក តាំង សារ៉ាដា បានបង្ហោះសារលើហ្វេសប៊ុកថា៖«ចាប់ពីពេលនេះតទៅខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ»។ ក្រោយមកទៀត លោកក៏បានបង្ហោះសារជាបន្តបន្ទាប់សំដៅទៅកាន់លោក ជុន ច័ន្ទបុត្រ និងវិទ្យុអាស៊ីសេរី ដោយសរសេរសារថា៖ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់» ក៏ដូចជា សារ«ជំងឺរបស់មេដឹកនាំផ្តាច់ការ មានស្ថានស្រដៀងៗគ្នា» និងសារ «ទ្រីស្តីនៃការតស៊ូទាំងឡាយភាគច្រើនកើតចេញពីការឈឺចាប់និងភាពរងគ្រោះ»។ មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ ក៏បានសរសេរសារបន្ថែមទៀតថា៖ «ពេលដែលក្តាន់នៅក្នុងហ្វូងខ្លា សូម្បីគោព្រៃក៏មិនហ៊ានទៅជួយដែរ រីឯទន្សាយក៏បិទភ្នែកហើយ ខ្ទប់មាត់មិនហ៊ានក្អកថែមទៀត»។
ចេញពីវិទ្យុអាស៊ីសេរី មិនបានប៉ុន្មានផង លោក តាំង សារ៉ាដា ក៏បានចូលក្បាលទៅបម្រើសារព័ត៌មាន The Cambodia Daily Khmer។ សារព័ត៌មានមួយនេះ បានប្រជែងយ៉ាងខ្លាំងជាមួយវិទ្យុអាស៊ីសេរី ដើម្បីទាញយកប្រជាប្រិយភាពពីក្រុមប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយជាបរទេស។ នៅ The Cambodia Daily Khmer លោក តាំង សារ៉ាដា បានបម្រើការងារជាអ្នកប្រឌិតព័ត៌មានជាមួយលោក ហាស សាន ដែលជាកំពូលអ្នកញុះញង់បំបែកបំបាក់ខ្មែរ។ បើទោះបីលោក តាំង សារ៉ាដា មិនត្រូវគ្នាជាមួយលោក ជុន ច័ន្ទបុត្រ ប៉ុន្តែសន្តានរបស់ពួកគេទាំង២នេះ មិនសូវខុសគ្នាឡើយ។ ពួកគេទាំង២នាក់ ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកកាសែតបម្រើបរទេស ហើយផ្សព្វផ្សាយព័ត៌មាន និងធ្វើសកម្មភាពណាដែលនាំឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា។ ពួកគេធ្វើដូច្នេះ គឺដើម្បីបានរស់ និងបន្តរស់លើដីរបស់គេផង និងដើម្បីបម្រើមហិច្ឆិតារបស់ខ្លួនផង ហើយបើមិនធ្វើដូចនេះទេ ច្បាស់ណាស់ថា ពួកគេ នឹងគ្មានកន្លែងជ្រកកោន ប្រៀបដូចជា «សុនខមួយក្បាលដែលត្រូវគេបោះបង់ចោលយ៉ាងដូច្នោះដែរ»៕
ដោយ៖ ជម្ពូនុទ