អ្នកលេងគុនខ្មែរ ព្រំ សំណាង និង ធឿន ធារ៉ា ទទួលបានប្រាក់ឧបត្ថម្ភជិត៣០លានរៀលដូចគ្នាពីព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរពិភពលោក«តេសជោ សន្តិភាព»កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀនថោន។
ព្រំ សំណាង បានប្រកួតឈ្នះកីឡាករបេឡារុស្ស Nikita Gerasimvich ដោយពិន្ទុ បន្ទាប់ពីបានតស៊ូគ្នា៣ទឹកពេញដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព។ សម្រាប់ជ័យជម្នះនេះ រូបគេទទួលបានប្រាក់ឧបត្ថម្ភតម្លៃខ្សែក្រវាត់ចំនួន២០លានរៀល។
លោក វ៉ា សុធា បានឧត្ថម្ភដល់ ព្រំ សំណាង ចំនួន២លានរៀល។ លោក ឈឹម សារ៉េត ទីប្រឹក្សាសម្តេជោ ហ៊ុន សែន បានឧបត្ថម្ភ៤លានរៀល។ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីឧបត្ថម្ភ១លានរៀល និង ម្ចាស់មន្ទីរពេទ្យមួយកន្លែងឧបត្ដម្ភ១លានរៀល។
ចំណែកអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានប្រើពេលយ៉ាងឆាប់រហ័សក្នុងការផ្តួលកីឡាករ អេឡិច ប៊ូប៊ែល ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ បន្ទាប់ពីវាយក្បាលពោះឲ្យអាជ្ញាកណ្តាលរាប់ពីរដង និងលើកទី៣បញ្ឈប់ការប្រកួតតែម្តង។
សម្រាប់ជ័យជម្នះនេះ ធឿន ធារ៉ា ទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព អមដោយប្រាក់រង្វាន់២០លានរៀល។ ជាមួយគ្នានេះ លោក វ៉ា សុធា បានឧត្ថម្ភចំនួន២លានរៀល។ លោក ឈឹម សារ៉េត ទីប្រឹក្សាសម្តេជោ ហ៊ុន សែន បានឧបត្ថម្ភ៤លានរៀល។ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីឧបត្ថម្ភ២លានរៀល និង ម្ចាស់មន្ទីរពេទ្យមួយកន្លែងឧបត្ដម្ភ១លានរៀល។
រហូតដល់ពេលនេះ ធឿន ធារ៉ា ក៏កំពុងគ្រប់គ្រងខ្សែក្រវាត់អន្តរជាតិ៤គ្រឿងគឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិតេជោសន្តិភាព ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC និងខ្សែក្រវាត់ថៃហ្វៃអន្តរជាតិ៕