កីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានទទួលបានជោគជ័យដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក ព្រមទាំងទទួលបានរង្វាន់រថយន្ត១គ្រឿង។ ជាមួយនិងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានសម្តែងការកោតសរសើរ និងបានបង្ហាញថាជាមោទនភាពលើអ្នកបន្តវេន ត្រកូនអេភូថង ជាខ្លាំង។
កីឡាករវ័យក្មេងដែលកំពុងល្បីឈ្មោះបោះសំឡេងរបស់ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ទាំងពីរូបនេះបានប្រកួតដ៏ស្វីតស្វាញនិងតឹងតែងនៅលើសង្វៀនប្រទេសអូស្ត្រាលី ដោយកីឡារក ម៉ឺន មេឃា បានឈ្នះកីឡាករអូស្ត្រាលីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក និង អេ អាំម៉ារីន ទទួលបានខ្សែក្រវាត់ និងរថយន្តថ្មីសន្លាង១គ្រឿង ក្រោយផ្តួលកីឡាករអូស្ត្រាលីទឹកទី៤ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg ។
ដើម្បីជាលើកទឹកចិត្តបន្ថែមនូវការទទួលបានជំនះរបស់កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលកូនប្រុសស្តេចប្រដាល់ អេ ភូថង ថ្នាក់ដឹកនាំក្លិប Galaxy Navatra អេភូថង គុនខ្មែរ បានរៀបចំពិធីអបអរសទរចំពោះជំនះលើវិស័យគុនខ្មែរពីប្រទេសអូស្ត្រាលីនេះ យ៉ាងឱឡារឹកអធឹកអធម ក្រោមវត្តមានអ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា វាជាមោទកភាពដែលត្រកូល អេ រក្សាភាពខ្លាំងនិងល្បីល្បាយរបស់ខ្លួន បន្តពីឪពុកដល់កូនក្នុងវិស័យគុនខ្មែរ។ ក្នុងនាមជាតំណាងអោយ Galaxy Navatra Group និងក្លឹបហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ សូមសំដែងចូលរួមអបអរសាទរជាប្រវត្តិសាស្រ្តដល់ ក្មួយ អេ អាំម៉ារីន និង ម៉ឺន មេឃា ដែលឈ្នះខ្សែក្រវ៉ាត់ជាអន្តរជាតិឆ្លងទ្វីប នៅលើទឹកដីអូស្ត្រាលីថ្មីៗនេះ៕