ថ្មីៗនេះ កីឡាករលំដាប់ប្រទេស ព្រំ សំណាង បានប្រកួតដ៏ស្វិតស្វាញជាមួយកីឡាករតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដាវ លីឌុច ដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់គឺស្មើគ្នាយោងច្បាប់ Mas Fight ប៉ុន្តែ ការប្រកួតមិត្តភាពអន្តរជាតិនេះ ព្រំ សំណាង ត្រូវ ដាវ លីឌុច វ៉ៃស្ទើរសន្លប់ទៅហើយដែលជាការប្រកួតមួយទឹករយៈពេល ៩នាទី។
ក្រោយការប្រកួតនេះ ព្រំ សំណាង រងការរិះគន់មិនស្ទើរទេពីអ្នកគំាទ្រ ខណៈអ្នកគាំទ្រដាក់ក្តីរំពឹងខ្ពស់ថា ព្រំ សំណាង ឈ្នះ ដាវ លីឌុច លើទឹកដីកំណើតខ្លួន តែជាក់ស្តែងមហាជនថា ព្រំ សំណាង ធ្វើមិនបានល្អ ខណៈអ្នកខ្លះថា ព្រំ សំណាង បានធ្វើអស់លទ្ធភាពហើយក្នុងការប្រកួតនេះ។ បន្ទាប់ពីរងការរិះគន់ព្រំ សំណាង បានព្យាយាមចេញមកបកស្រាយប្រាប់មហាជន ជាមួយអារម្មណ៍ហាក់បាក់ទឹកចិត្ត។
ជាមួយគ្នានេះ អ្នកសារព័ត៌មានអាជីពផ្នែកវិស័យកីឡាគុនខ្មែរម្នាក់លើកឡើងថា ចំណូលលំដាប់អភិជន! មួយប្រកួតតទល់ Dave ព្រំសំណាង ត្រូវគេរាយការណ៍ថា កើបលុយជាង៣ម៉ឺនដុល្លារ ដោយមិនទាន់រាប់ចូលតម្លៃខ្លួន និង លុយឧបត្ថម្ភខ្លះៗទៀត!
លោក ប៉ែន ផាន់ណា អ្នកសារព័ត៌មានរបស់កាសែត AMS បានគូសបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ចំពោះការប្រកួតនេះ សម្រាប់ខ្ញុំយល់ថា ព្រំសំណាង និយាយកាន់តែច្រើនខុសក៏ច្រើន បកស្រាយច្រើនសម្ពាធកាន់តែច្រើន! ជម្រើសល្អបំផុតបងប្រុស គួរស្នើសុំភាពស្ងៀមស្ងាត់ ហើយប្រឹងប្រែងហាត់ឲ្យខ្លាំងបំផុតក្រោយ ជាពីរបួស! សូម្បីការទទូចសងសឹក ក៏គួរកុំដែរ គឺបុកហាត់បង្កើនសមត្ថភាព ចាំឲ្យឱកាសនោះវាលេចឡើងដោយឯកឯងវិញ ហើយយកសមត្ថភាពដើម្បីបង្ហាញនិង ស្ដារទឹកចិត្តពីមហាជន គឺវាល្អបំផុត។
លោកបន្តថា ស្ថានភាពពេលនេះ របួសកាយមិនទាន់ជា របួសចិត្តនៅតែទន្ទ្រាន បើទទូចសុំសងសឹក ចុះបើធ្វើមិនបានល្អ? មិនរឹតតែយកថ្មទម្លាក់លើទ្រូងឯងទេ។ ជីវិតកីឡាជាទូទៅហើយ ឈ្នះគេសរសើ ចាញ់គេបង្អាប់ គឺមានតែខ្លួនឯងទេជាអ្នកស្រមើលថែ និងស្រោចស្រង់ខ្លួនឯង៕