អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង បានសម្លឹងមើលឃើញអនាគតរបស់កូនប្រុសទាំងពីរដែលជាអ្នកប្រដាល់នឹងមានវាសនាល្អនៅក្នុងអាជីពគុនខ្មែរ បន្ទាប់ពីកំពុងស្ថិតនៅលើវិថីជោគជ័យទាំងវ័យក្មេង។
អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់ថា ៖«កូនខ្ញុំមានអនាគតល្អជាងប្តីខ្ញុំ ពីព្រោះជំនាន់ប្តីខ្ញុំវ៉ៃ តម្លៃខ្លួនតិច ហើយការប្រកួតអត់សូវមានញឹកញាប់ កាលណោះបីបួនខែទើបមានការប្រកួតម្តង ឬពេលខ្លះមានដល់មួយឆ្នាំទើបអាចប្រកួតម្តង។ ឥឡូវនេះមានគ្រប់ប៉ុស្តិ៍ហើយម្ចាស់ឧបត្ថម្ភកម្មវិធីមានច្រើន កីឡាករររកតែកម្លាំងវ៉ៃមិនចង់បានផង»។
«ពីមុនខ្ញុំគិតថា ការសម្រេចចិត្តរបស់ខ្ញុំដែលឲ្យកូនចាប់អាជីពប្រដាល់ខុស ពីព្រោះខ្ញុំគិតថា ប្រដាល់អត់រីកចម្រើនដល់ម្ល៉េះទេ។ ប្តីខ្ញុំអត់ចង់ឲ្យកូនប្រកួតទេ ព្រោះគាត់ខ្លាចដូចគាត់។ តែឥឡូវនេះ ខ្ញុំពិតជាសម្រេចចិត្តត្រូវ។ ខ្ញុំមានមោទនភាពសម្រាប់កូនខ្ញុំទាំងពីរណាស់។ មុនពេលទៅប្រកួតខ្ញុំបានប្រាប់ កូនម៉ារីនថា កូនម៉ាក់ចង់បានខ្សែក្រវាត់ ឡានអត់ចង់បានទេ ព្រោះកូននៅក្មែងនៅមានអនាគតវែងឆ្ងាយ តែសំខាន់កូនផ្តោតយកខ្សែក្រវាត់ឲ្យបាន»។ អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់។
អ្នកស្រីបន្តថា ៖«ខ្ញុំសូមសរសើរគុនខ្មែររីកចម្រើនខ្លាំង។ ខ្ញុំមានមោទនភាពមែនទែន ដែលប្តីខ្ញុំបាននាំកូនខ្ញុំទាំងពីរឲ្យគេស្គាល់គុនខ្មែរនៅប្រទេសអូស្ត្រាលី។ កូនខ្ញុំទាំងពីរ ខ្ញុំគិតថា ពួកគាត់នឹងមានវាសនាល្អ ហើយខ្ញុំតែងតែប្រាប់ពួកគាត់ថា បើកូនចាប់អាជីពនេះហើយ កូនត្រូវតែខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងបំផុតទើបកូនអាចឈានដល់កំពូល តែបើហាត់របៀបថា មានឈ្មោះវ៉ៃ ទើបហាត់ ខ្ជិលហាត់ បែបនេះកូននឹងអត់អាចដល់គោលដៅបានទេ»។
កីឡាករ អេ អំាម៉ារីន និង ម៉ឺន មេឃា ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានទទួលបានជោគជ័យដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក ព្រមទាំងទទួលបានរង្វាន់រថយន្ត១គ្រឿង៕
ដោយ៖ កម្ពុជាថ្មី