ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ គ្រោងនឹងនាំកីឡាករឆ្នើមៗល្បីៗទៅរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរ និងពង្រីកកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។
ឯកឧត្តម ជា លីសែ ដែលជាអ្នកដឹកនាំមួយរូបនៃក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងគុនខ្មែរ នៅក្នុងសន្និសីទសារព័ត៌មានរៀបចំការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ Hunuman Kun Khmer កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហើបឲ្យដឹងថា ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងគុនខ្មែរ យើងនឹងរៀបចំការប្រកួតគុនខ្មែរដ៏ធំមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តមលើកឡើងថា៖ «ឥឡូវយើងបានដាក់លិខិតរួចរាល់ហ់ើយ យើងនៅតែរង់ចាំការឆ្លើយមកវិញ យើងនឹងចាប់ផ្តើមធ្វើការរៀបចំប្រកួតតែម្តង នៅនាចុងឆ្នាំ២០២៣នេះ»។
ឆ្លើយសំនួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការបញ្ចូនកីឡាករគុនខ្មែរទៅរៀបចំការប្រកួតនៅប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ ឯកឧត្តម ជា លីសែ បានបញ្ជាក់ថា «មែនទែនទៅក្លិបGalaxy Navatra អេភូថងគុនខ្មែរ យើងមិនដែលមានបទពិសោធន៍នៅក្នុងការរៀបចំការប្រកួតដោយខ្លួនឯងនោះទេ យើងតែងបញ្ជូនកីឡាករទៅប្រកួតក្នុងស្រុកនៅតាមស្ថានីយ៍ប្រកួត និងប៉ុស្តិ៍ស្ថានីយ៍ទូរទស្សន៍ផ្សេង ព្រមទាំងអន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែលើកនេះគឺយើងរៀបចំដោយខ្លួនឯង ព្រោះពីមួយសប្តាហ៍ទៅមួយសប្តាហ៍យើងមើលឃើញថាមានការវិវត្តន៍ទៅរហូត»។
ទន្ទឹមនឹងនេះដែរ អ្នកដឹកនាំក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងគុនខ្មែរ រូបនេះបានដាក់ក្តីរំពឹងទុកថា នៅពេលប្រកួតម្តងៗដែលរៀបចំដោយក្លិបយើងរំពឹងថានឹងមានអ្នកទស្សនារាប់សិបម៉ឺនviews នៅលើបណ្តាញសង្គមហ្វេបស៊ុក៕