នៅថ្ងៃទី០៣ ខែសីហានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង (Thitichhai Thienthorng) នាយសេនាធិការចម្រុះកងទ័ពភូមិន្ទថៃ ក្នុងឱកាសអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ (The 7th Cambodia – Thailand Senior Staff talk (SST7) ឆ្នាំ២០២៣ ដែលសមភាគីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ០២-០៥ ខែសីហា ឆ្នាំ ២០២៣នេះ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសភាពការណ៍នៅកម្ពុជា ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ។ កត្តាទាំងនេះបានធ្វើឱ្យកម្ពុជា ទទួលជោគជ័យជាបន្តបន្ទាប់ ជាពិសេស ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២-ការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការរៀបចំការប្រកួតកីឡាជនពិកាអូឡាំពិក អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ២០២៣ និងការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស យុត្តិធម៌ តម្លាភាព នឹងគ្មានការគំរាមកំហែង។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សង្ឃឹមថា តាមរយៈលទ្ធផលជាវិជ្ជមាន ក្នុងកិច្ចប្រជុំថ្នាក់សេនាធិការជាន់ខ្ពស់កម្ពុជា-ថៃ លើកទី ៧ នៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នាលើកនេះ កងទ័ពនៃប្រទេសយើងទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ បានកាន់តែល្អប្រសើរថែមទៀត ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ធិទិឆ័យ ធៀនថង ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រកិច្ចដំណើរការបោះឆ្នោត និងការ រៀបចំគណៈរដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនង ពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណីបងប្អូនប្រទេសជិតខាង ជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ថៃ-កម្ពុជា ជាខ្សែបន្ទាត់ព្រំដែន មានសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន៕