នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែម នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានទេសភាពស្រស់បំព្រង គ្រប់រដូវកាល។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ ខេមបូឌា បុគ្គលិក និងទីប្រឹក្សារបស់ក្រុមហ៊ុនមេនូឡាយហ៍្វ លោកប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។
លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា បានលើកឡើងថា មេនូឡាយហ៍្វ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងគេនៅកម្ពុជា ដែលមានបេសកម្មក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនប្រជាជនកម្ពុជា។ លោកស្រីថា ការគាំទ្រ និងចូលរួមចំណែកក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ជាមួយអាជ្ញាធរជាតិអប្សរានាពេលនេះ បានដើរស្របគ្នា និងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាជនកម្ពុជា។ ជាពិសេសក្នុងយុទ្ធនាការដាំស្មៅ និងដើមឈើនេះ បានចូលរួមចំណែក បង្កើនគម្របបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថាដើមឈើនិងស្មៅ ជាទ្រនាបដ៏សំខាន់ក្នុងការទប់ទល់ការបំរែបំរួលអាកាសធាតុ និងកាត់បន្ថយភាពសឹករិករឹលនៃប្រាង្គប្រាសាទបុរាណរបស់យើង។
ឯកឧត្តម ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ការងារថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ គឺជាតួនាទីរបស់កូនខ្មែរគ្រប់ៗរូប។ ជាមួយគ្នានេះ ជាគោលនយោបាយ របស់អាជ្ញាធរជាតិអប្សរា ការងារថែរក្សា ពង្រឹងនិងពង្រីកបន្ថែមនូវគម្របព្រៃឈើ នៅក្នុងតំបន់អង្គរ និងក្នុងទូទាំងប្រទេសទាំងមូល ក៏ជាការចូលរួមរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តបន្តថា ក្នុងមួយឆ្នាំៗ តាមរយៈនាយកដ្ឋានជំនាញបានបណ្តុះកូនឈើ រាប់ម៉ឺនដើម ដើម្បីដាំដុះក្នុងតំបន់អង្គរ និងចែកចាញបន្ត ទៅកាន់ស្ថាប័នរដ្ឋ និងឯកជននានាយកទៅដាំដុះបន្ត ធ្វើយ៉ាងណាបង្កើនគម្របព្រៃឈើនៅកម្ពុជា។
ឯកឧត្តម អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តីចំពោះវត្តមាន ក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដែលចូលរួមសហការដាំស្មៅ និងដើមឈើនៅក្នុងតំបន់អង្គរ។
សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ ដោយបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕