សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុ ៤ ដែលសម្តេចសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវមូលហេតុ ៤ ដែលសម្ដេចសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលដ៏ខ្លីខាងមុខ 

មូលហេតុទាំង ៤នោះរួមមាន៖ ទី ១. ការផ្ទេរតំណែងនៅពេលនេះ គឺមានស្ថេរភាព និងសុវត្ថិភាព ជាងពេលដែលយើងចាស់ ឬស្លាប់។ ២. ក្រុមយុវជនបន្តវេនបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីទទួលអំរែកបន្តពីថ្នាក់ដឹកនាំជំនាន់មុន រួចហើយ។ ៣. ជំនាន់ចាស់ចាកចេញពីតំណែងដឹកនាំ ប៉ុន្តែ មិនមែនចាកចេញពីឆាកនយោបាយទេ។ ៤. សភាពការណ៍គ្រប់ផ្នែក អនុគ្រោះឱ្យក្រុមបន្តវេនអាចចេញដំណើរបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការផ្ទេរអំណាចឱ្យអ្នកបន្តវេន នៅពេលនេះ គឺប្រសើរជាងការផ្ទេរអំណាចក្នុងពេលដែលសម្ដេចស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី តែបែរជា សម្ដេចមានបញ្ហាសុខភាព ឬឈានដល់អាយុជីវិត។

ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះតទៅ ខណៈសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មីក៏ត្រូវបានកែទម្រង់ឥស្សរជនចាស់ៗដាក់អ្នកបន្តវេនជំនួសវិញ៕