“ផ្លូវក្រវាត់ក្រុងទី៣” ខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត ត្រូវប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។
ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង ៥២.៩៣ គម តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល ។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឲ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
ផ្លូវក្រវាត់ក្រុងទី៣ មានតម្លៃ៣០០លានដុល្លារ បានបើកការដ្ឋានសាងសង់ថ្ងៃទី១៤/មករា/២០១៩ និងបញ្ចប់ការសាងសង់៖ ២០២៣ សាងសង់ដោយ៖ ក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យដោយ៖ ហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.៕