សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធសង្វាក់ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តាំងពីដើមរហូតដល់ចប់។ មានន័យថា អ្នកញៀនគ្រឿងញៀនត្រូវទទួលការព្យាបាលឲ្យផ្តាច់ពីសារធាតុញៀនទាំងស្រុង និងត្រូវរៀបចំឲ្យពួកគេមានជំនាញ និងការងារពេលត្រឡប់ទៅសហគមន៍វិញ ចៀសវាសអ្នកទាំងនោះប្រព្រឹត្ត ឬជក់គ្រឿងញៀនសារជាថ្មី។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្មីក្នុងខេត្តបាត់ដំបងនេះ ជាការបង្កើតឡើងដោយវិស័យឯកជន។
ទាក់ទងទៅការងារស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សមត្ថកិច្ច បានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ហើយជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា សារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំ បានន័យថា «គេយកសារធាតុគីមីផ្សេងៗ បូកបញ្ជូលគ្នា ផលិតជាគ្រឿងញៀន»។
ទន្ទឹមនឹងនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សូមជម្រាបថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាគំនិតផ្តួចផ្តើមសាងសង់ដោយ លោក កែ ស៊ីនួន និងមានការគាំទ្រពីសម្ដេចក្រឡាហោម ស ខេង។ មជ្ឈមណ្ឌលនេះ សាងសង់លើផ្ទៃដីទំហំ១៥ហិកតា ចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អស់រយៈពេល៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន២ខ្នង អគារមានបន្ទប់ដាច់ដោយឡែកចំនួន២៣បន្ទប់ អាចទទួលអតិថិជនអ្នកញៀនគ្រឿងញៀនស្នាក់នៅបានចំនួន៤០០នាក់ទៅ៥០០នាក់។
ក្រៅពីនេះនៅមានអគារបន្សាបព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អគារ (បន្ទប់ផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម)។ ក្នុងទីធ្លាមជ្ឈមណ្ឌលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង ដាំស្មៅ កន្លែងហាត់កីឡា តារាងបាល់ ទាត់ បាល់បោះ បាល់ទះជាដើម។ លើសពីនេះ មជ្ឈមណ្ឌលមានគម្រោងសាងសង់អគារស្នាក់នៅបន្ថែមទៀត បើមានតម្រូវការអតិថិជនជាជនរងគ្រោះដោយសារគ្រឿងញៀនមកទទួលសេវាព្យាបាល៕
អត្ថបទ៖ អក្ខរា