“តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ !” នេះជាការលើកឡើងផេកហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហានេះ។
គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា “ដរាបណារកប្អូនមិនទាន់ឃើញ គឺយើងមិនឈប់ក្នុងការស្វែងរកប្អូននោះឡើយទោះបីមានឧបសគ្គអ្វីក៏ដោយ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា អាជ្ញាធរខេត្តកំពតបានសង្គ្រោះអ្នកទេសចរណ៍ជាង ៤០នាក់ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ ហើយជាប់មិនអាចឆ្លងមកមកវិញបាន។ ក្នុងនោះ ក្រុមកម្លាំងជួយសង្គ្រោះ បានតាមរកយុវតី ៣នាក់ដែលធ្លាក់ចូលជ្រោះ (រកឃើញម្នាក់ស្លាប់ និងម្នាក់ទៀតនៅមានជីវិត)។ ចំណែក ម្នាក់ទៀត ឈ្មោះស្រីខួច កំពុងបន្តស្វែងរកនៅឡើយ៕
អត្ថបទ៖ អក្ខរា