បំពេញការងារប្រមាណ ៣០ឆ្នាំ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសលាហើយពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១សីហាខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀត នឹងបញ្ចប់តួនាទីនៅវិទ្យុបារាំងអន្តរជាតិRFI។
យោងតាមសំណេរលើហ្វេសប៊ុកនៅយប់ថ្ងៃទី១ សីហានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា ការប្រកាសចាកចេញនេះរបស់លោកបន្ទាប់មានការអនុញ្ញាតពីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥មីនា កាលពីជាងបួនខែមុន។ ប៉ុន្តែវិទ្យុបានស្នើលោកឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់ការផ្សាយជាខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយតាមប្រពន្ធ័ឌីជីថលទាំងស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFIរហូតដល់ចុងខែសីហាក្តី ក៏លោកសូមឆ្លៀតពេលសរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយប្រិយមិត្តទាំងអស់ដែលគាំទ្រលោក ជាយូរឆ្នាំកន្លងមកហើយ។
ទន្ទឹមនឹងនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានប្រកាស និងសំដែងនូវការតបគុណចំពោះប្រិយមិត្តអ្នកគាំទ្រលោក សហការីគ្រប់ជំនាន់នៅវិទ្យុបារាំងអន្តរជាតិ RFI នៅប៉ារីសក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFIតទៅ ទៀត។ រីឯមួយចំនួនតូចបានក្លាយជាសមាជិករាជរដ្ឋាភិបាល ឬ ជាឧត្តមមន្ត្រីនៅកម្ពុជា។
ជាមួយនឹងការចាកចេញនេះដែរ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១កញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងឡើងកាន់តំណែងជាអ្នកដឹកនាំវិទ្យុRFIជាខេមរភាសា គ្រប់គ្រងក្រុមការងារនៅប៉ារីសនិងនៅភ្នំពេញ៕