យន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ត្រៀមហោះហើរសាកល្បងលើផ្ទៃសមុទ្រ

ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើ​គម្រោង​សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ល។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ដែលផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមអគ្គនាយក នឹងស្នើសុំការគាំទ្រជាផ្លូវពីការឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះឲ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឲ្យក្រុមហ៊ុនគិតគូរពីការ​ហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕