ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឲ្យដឹងថា តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អាគារនេះត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលមានចំនួន ៣ជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦ ម កម្ពស់ ១ ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១x៥.៥ ម កម្ពស់ ១ ជាន់) នៅលើផ្ទៃដីសរុប ទំហំ១០ ហ.ត ទល់មុខសួនកេសរកូល។
ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់ទាំងនេះក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់ រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុក សម្ភារៈដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូសផងដែរ៕