ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង៧០០នាក់ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ ដោយបានលើកឡើងណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ដែលមានការគាំទ្រពីប្រជាពលរដ្ឋដ៏លើសលប់ ហើយរាជរដ្ឋាភិបាលកម្ពុជាថ្មី បន្តវេនគ្រោងនឹងបង្កើតឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ កុំជឿលើការនិយាយញុះញង់ របស់ក្រុមអគតិមួយចំនួនដែលមានបំណងមិនល្អ នាំឱ្យប្រទេសជាតិមានការបែកបាក់ និងបង្កអស្ថិរភាពសង្គម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃ នឹងធ្វើការកោសសរសើរនៃការខិតខំបំពេញភារកិច្ច ប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុវត្ថិភាពល្អ ចាប់តាំងពីការចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ រហូតដល់ថ្ងៃបោះឆ្នោត ធានាបានសុខសុវត្ថិភាព និងនាំមកនូវបរិយាកាសល្អ ដែលការបោះឆ្នោតនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ វាយតម្លៃថាប្រព្រឹត្តទៅដោយយុត្តិធម៌ ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវបន្តខិតខំគោរពច្បាប់ វិន័យកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ៕