គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។
ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន ៥ មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្ដងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ។ ដំណើរការនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។
បន្ទាប់ពីបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ស្របតាមប្រតិទិននៃការបោះឆ្នោត៕