មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ កំពុងគាំទ្រគម្រោងស្រាវជ្រាវថ្មីមួយ ដើម្បីកាត់បន្ថយការបាត់បង់អាហារ និងកាកសំណល់នៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មត្រីប្រានៅកម្ពុជា។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា ចំណេះដឹងដែលទទួលបានតាមរយៈការស្រាវជ្រាវនេះ នឹងផ្តល់ជាអត្ថប្រយោជន៍ដល់កសិករចិញ្ចឹមត្រី សហគ្រាសឯកជន និងការនាំចេញត្រីក្នុងប្រទេសទៅកាន់ទីផ្សារបរទេសនាពេលអនាគត។
ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA – Royal University of Agriculture និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសុខភាព និងកសិកម្ម កាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីប្រមូលព័ត៌មានអំពីការបាត់បង់អាហារ និងកាកសំណល់តាមខ្សែសង្វាក់តម្លៃផលិតកម្មត្រី។ ពួកគេបានជួបពិភាក្សាជាមួយកសិករ អាជីវករលក់ត្រី និងអាជ្ញាធរមកពីផ្សារបណ្តែតទឹកទន្លេសាប និងកន្លែងភ្ញាស់ត្រី។
បើតាមស្ថានទូតអូស្រ្តាលី គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវការបាត់បង់ចំណីអាហាររបស់ ACIAR-IDRC ដែលនឹងធ្វើការជាមួយដៃគូនានាក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមមាន ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីដោះស្រាយការបាត់បង់អាហារនៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មត្រីប្រាទន្លេមេគង្គ តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញក្នុងស្រុក៕