វិទ្យុបារាំងអន្តរជាតិ (RFI) ឈប់ចាក់តាមវិទ្យុFM ងាកទៅផ្សាយតាមប្រព័ន្ធឌីជីថល

វិទ្យុបារាំងអន្តរជាតិ RFI សម្រេចចិត្តឈប់ផ្សាយតាមរលកអាកាស FM ចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ទៅ នៅប្រទេសកម្ពុជា ដោយងាកមកផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុង ពិសេសតាម Facebook។

វិទ្យុបារាំងអន្តរជាតិ (RFI) នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ បានមើលឃើញនូវការធ្លាក់ចុះខ្លាំង និងលឿនរហ័សនៃចំនួនអ្នកស្តាប់វិទ្យុនៅក្នុងប្រទេសកម្ពុជា។ បាតុភាពនេះដែលប៉ះពាល់ទាំងវិទ្យុផ្សាយនៅក្នុងស្រុកនិងវិទ្យុផ្សាយចេញពីបរទេស រួមទាំងវិទ្យុបារាំងផងកើតចេញពីទម្លាប់កាន់តែទូទៅ និងកាន់តែធំធេងរបស់ប្រជាជនខ្មែរក្នុងការនិយមប្រើប្រាស់ Facebook ដើម្បីអាន ស្តាប់ ឬមើលព័ត៌មាន។ នេះហើយជាហេតុផលចម្បងដែលបានជំរុញឲ្យវិទ្យុបារាំងអន្តរជាតិសម្រេចចិត្តបញ្ឈប់ជាស្ថាពរនូវការផ្សាយតាមរលកអាកាស FM និងងាកទៅផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុងវិញ។

ប្រសិនបើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ វិទ្យុបារាំងអន្តរជាតិនឹងប្រគល់ទៅឱ្យរាជរដ្ឋាភិបាលកម្ពុជាវិញនូវហ្វ្រេកង់ FM ដែលខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩២ គឺ 92 FM និង 94.5 FM។

គួរបញ្ជាក់ថា វិទ្យុបារាំងអន្តរជាតិដែលផ្សាយជាភាសាបារាំង និងភាសាបរទេស ក្នុងនោះមានទាំងភាសាខ្មែរផងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលខ្មែរឱ្យផ្សាយជាភាសាបារាំងនៅក្នុងប្រទេសតាមរលកអាកាស FM នៅឆ្នាំ ១៩៩២។ មួយឆ្នាំក្រោយមក ពោលនៅឆ្នាំ១៩៩៣ វិទ្យុបារាំងអន្តរជាតិបានបង្កើតឲ្យមានការិយាល័យនិពន្ធជាខេមរភាសានៅទីក្រុងប៉ារីសប្រទេសបារាំង៕