អាជ្ញាធរឃាត់ឡានដឹកស៊ុតសត្វមាន់ ២ម៉ឺន៤ពាន់គ្រាប់ដោយខុសច្បាប់ មកពីវៀតណាមចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ

នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ុន សារ៉ាត់ ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕