សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមាននាយករដ្ឋមន្ត្រីថ្មី ចុះជួបកម្មករកម្មការិនី ក្រោយស្បថចូលកាន់តំណែង

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្ញើសារដល់បងប្អូនកម្មករកម្មការិនី ចំពោះការសន្យារបស់សម្តេចកាលពីពេលកន្លងទៅ ក្នុងការចុះសួរសុខទុក្ខតាមបណ្តារោងចក្រសហគ្រាស ១០គោលដៅទៀត ក្រោយការបោះឆ្នោត។

ក្នុងសារសំឡេង, សម្តេចតេជោ ហ៊ុន សែន សុំការអភ័យទោសពីសំណាក់កម្មករកម្មការិនីទាំងអស់ ចំពោះការអាក់ខានមិនបានចុះសួរសុខទុក្ខតាមការសន្យា។ ប៉ុន្តែត្រូវលើកពេលទៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសារឥលូវនេះ ស្ថិតក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។

សម្តេចតេជោមានប្រសាសន៍ថាថា សម្តេចចង់ឲ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបបងប្អូនកម្មករ-កម្មការិនី ទាំងអស់។ ដូច្នេះសម្តេចបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខចំពោះកម្មករ-កម្មការិនី ជំនួសនាយករដ្ឋមន្ត្រីចាស់។

ជុំវិញការបង្ហើបពីនាយករដ្ឋមន្ត្រីថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ ក្នុងពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣៕

អត្ថបទ៖ អក្ខរា