ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕