យោងតាមរបាយការណ៍របស់សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ថ្មក្រាល ភ្ញៀវទេសចរណ៍ ចំនួន ៣,៧០០នាក់ បានមកកម្សាន្តក្នុងរយៈពេលតែ២ថ្ងៃ គឺថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងរយៈពេល ២ថ្ងៃនេះ សហគមន៍អាចទទួលបានចំណូលបាន ចំនួន ៥ ៥៤៩ ០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍។ ក្រសួងបរិស្ថានបានលើកឡើងថា បោះឆ្នោតរួចហើយ ប្រជាជនក៏បានដើរកម្សាន្ត តាមតំបន់ទេសចរណ៍ធម្មជាតិថែមទៀត។
សូមជម្រាបថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយផ្លូវប្រមាណ ៦៥ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ សហគមន៍បានគ្រប់គ្រងផ្ទៃដីតំបន់ទេសចរសរុបចំនួនជាង ៣០០ ហិកតា ក្នុងនោះដីព្រៃឈើជាង ២០០ ហិចតា។
បច្ចុប្បន្នតំបន់ទឹកធ្លាក់ថ្មក្រាល មានតូបលក់ដូរចំនួន ៤៧តូប កញ្ចុះ ៨១ បង្គន់អនាម័យមាន ៧កន្លែង ស្មើនឹង ២០បន្ទប់ ធុងសំរាមមាន ២០ធុង, កន្លែងអង្គុយលេង និងមុជទឹកលេង តាមមាត់ជ្រោះមានប្រវែងជាង ១ពាន់ម៉ែត្រ។ មួយរយៈចុងក្រោយនេះ មានភ្ញៀវទេសចរទៅមុជទឹជ្រោះលេងកម្សាន្តប្រមាណ ៨០០នាក់ ក្នុងមួយសប្ដាហ៍។ នេះបើតាមការឲ្យដឹងពីសហគមន៍តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល៕
អត្ថបទ៖ អក្ខរា