ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
ក្នុងលិខិតថ្លែងអំណរគុណ នៅថ្ងៃទី២៤ ខែកក្កដានេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹមតែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែកយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។
សម្ដេចក្រឡាហោម បានបន្តថា បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃកម្ពុជា៕
អត្ថបទ៖ អក្ខរា