បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ដោយឡែក អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃនេះដែរបានចេញសេចក្តីប្រកាសដោយមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា