“យើងឃើញលទ្ធផលដែលគេផ្សព្វផ្សាយខ្លះជាបណ្តោះអាសន្ន ដែលតាមអ្នកសង្កេតការណ៍បានលើកឡើង យើងឃើញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា ការផ្សព្វផ្សាយព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២:០០យប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ការផ្សាយនេះគឺធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App)៖ NEC KH និង CamNEC News Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕
អត្ថបទ៖ អក្ខរា