ថ្នាក់ដឹកនាំកំពូលៗ អញ្ជើញបោះឆ្នោតរួចរាល់ ខណៈពលរដ្ឋបន្តសម្រុកទៅបោះឆ្នោតមុនម៉ោង ៣រសៀលថ្ងៃនេះ

ថ្នាក់ដឹកនាំកំពូលៗ បានអញ្ជើញចេញទៅបោះឆ្នោតរួចរាល់ហើយនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ខណៈចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១១:០០នាទី ប្រមាណជិត ៦០ភាគរយហើយ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​បានអញ្ជើញបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ នៅមណ្ឌល់បោះឆ្នោត លេខ​(1697) សាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាល ខណៈប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតលេខ០២៣០ មណ្ឌលវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេច។ ដោយឡែក សម្ដេចក្រឡាហោម ស ខេង បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យឥន្រ្ទទេវី ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រីឯសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោត នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលតែងតែរៀបចំឡើងក្នុងរយៈពេល៥ឆ្នាំម្តង ក្នុងការផ្តល់ឱកាសជូនប្រជាពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួននិងថ្នាក់ដឹកនាំប្រទេស។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងដោយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ៩,៧លាននាក់។ ការបោះឆ្នោតចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល៕

អត្ថបទ៖ អក្ខរា