ខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយសី្រ អាចទស្សនាបានទូលំទូលាយជាងមុន

ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។

បើតាអាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ… ។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្សែទស្សនាថ្មីមានជម្រើសដូចជា៖ ១. ប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា៖ ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេល ២ម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិ​សាស្ត្រ” រយៈពេល៣ម៉ោង។ ២. ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង​២០នាទី និងជម្រើសរយៈពេលវែងមានរយៈពេល១ម៉ោង៤០នាទី។

ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង ចម្លាក់​សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម។ ជាមួយគ្នានេះ អំឡុងពេលនៃការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្ត្រក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ (Tracking)ផងដែរ។

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទី ភ្នាក់​ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តសាកល្បងខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរនេះតាមការគួរ៕

អត្ថបទ៖​ អក្ខរា