“ថ្ងៃនេះជាថ្ងៃដង្ហែរបក្សចុងក្រោយ ហើយក៏ជាថ្ងៃនៃក្តីរំពឹងនូវជោគជ័យដ៏ធំធេងរបស់ គណបក្សប្រជាជន កម្ពុជាក្នុងថ្ងៃបោះឆ្នោតដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនក្រុមគ្រួសារបក្សទេវតា ទទួលបានជោគជ័យនៅទូទាំងប្រទេស”។ នេះជាសារលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រប់គ្រងនិងផ្សព្វផ្សាយដោយឯកឧត្តម ដួង តារា។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដានេះ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ សម្រាប់គណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ បានដឹកនាំក្បួនដង្ហែរបិទយុទ្ធនាការ ដោយមានអ្នកចូលរួមប្រមាណជិត ៦ម៉ឺននាក់។ ក្បួនដង្ហែនឹងចាប់ផ្តើមចេញពី ក្នុងបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ៕
អត្ថបទ៖ អក្ខរា