ឯកឧត្តម ស៊ី ជីនពីង៖ សូមឱ្យមិត្តភាពចិន-កម្ពុជា រីកចម្រើនស្រស់បំព្រង និងមានវិបុលភាពជាអមតៈ

ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបី​ជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» ក្នុងកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្ត​ភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នេះបើតាមលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិត​ចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លិខិតរបស់ឯកឧត្តម ស៊ី ជីនពីង បានបន្តថា នៅដើមឆ្នាំនេះ ព្រះករុណា និងខ្ញុំបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យ ថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយ បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និងក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង “ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ខ្ញុំផ្តល់សារសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន នៃ ប្រទេសទាំងពីរ។

សូមឱ្យមិត្តភាពចិន-កម្ពុជា រីកចម្រើនស្រស់បំព្រង និងមានវិបុលភាពជាអមតៈ។ សូមជូនពរព្រះរាជាណាចក្រកម្ពុជាមានវិបុលភាព និងប្រជាជនកម្ពុជាមានសុភមង្គល។ នេះជាខ្លឹមសារបន្ថែមក្នុងលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕