នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា ឯកឧត្តម នឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃ ចំនួន ៤៨នាក់ ធ្វើដំណើរទៅប្រទេសកាណា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម បានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរួមរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន ២លើក ក្នុងចំណោមការរៀបចំចំនួន ២០លើក។
ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា កីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ ១៣ប្រភេទកីឡា រួមមាន៖ កីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា ដែលជាបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិទាំងមូល៕