ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។
កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្តដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រកខាងមុខប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិល័យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។
តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយនៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។
ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ ស្រីពេញ បញ្ជាក់ថា ការរៀបចំនេះមានសារសំខាន់ណាស់ ក្នុងន័យលើកតម្លៃប្រាសាទ ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ និងផ្តល់បទពិសោធន៍ល្អៗដល់ទេសចរ ក៏ដូចជាការបកស្រាយប្រវត្តិប្រាសាទបានទូលំទូលាយជាដើម។
ដើម្បីជោគជ័យខ្សែទស្សនាខាងលើនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ស្នើឱ្យទេសចរទាំងអស់ចូលទស្សនាប្រាសាទតាមស្លាកសញ្ញាដែលបានរៀបចំ គោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងគោរពតាមក្រមប្រតិបត្តិអង្គរជាដើម៕