អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណជិត ៣០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុង ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ការសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ គ្រោងនឹងប្រើពេលក្នុងសាងសង់ប្រមាណ ១ឆ្នាំកន្លះ ខណៈលោកថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។
លោកបានបន្តទៀតថា មជ្ឍមណ្ឌលទិន្នន័យជាតិនេះដែរ គឺជាមជ្ឍមណ្ឌលមួយ ដែលជាប្រភេទល្អបំផុតនៅក្នុងតំបន់អាស៊ី ដែលស្របតាមស្ដង់ដារអន្ដជាតិ និយាយជារួម គឺលេខ១ ក្នុងចំណោមអាស៊ីផងដែរ។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ នៅពី ក្រោយអគារទីស្តីការក្រសួងប្រៃសណីយ៍បច្ចុប្បន្ន។ មជ្ឍមណ្ឌលនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំ សំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត៕