ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ត្រឹមតែ១សប្ដាហ៍ នៃចុងសប្ដាហ៍ទី២ខែកក្កដា ដោយគិតចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់។
ក្រសួងបានឱ្យដឹងបន្តថា ភ្ញៀវទេសចរប្រចាំសប្តាហ៍កន្លងមកនេះ គឺមានសរុបចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមានដែលនៅតែអាចទាក់ទាញ់ភ្ងៀវទេសចរបានច្រើនជាងគេ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់, ខេត្តបាត់ដំបង ៣៥,៦៦៤នាក់, រាជធានីភ្នំពេញ ៣៣,២១១នាក់, ខេត្តកំពត ២៧,៦៧៥នាក់ , ខេត្តសៀមរាប ២២,៥៣៥នាក់, ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់, ខេត្តពោធិ៍សាត់ ១១,២៧៧នាក់, ខេត្តកែប ១១,០៧៦នាក់។
ក្រសួងទេចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។
យ៉ាងណាមិញ បើតាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយ សារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនា ការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់ក៏ដោយ។
សូមបញ្ជាក់ដែរថា គិតត្រឹមរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ ពិសី