សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាទូទៅនៅកម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។
សម្តេចបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ( OIF) ដែលបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនថា នេះគឺជាការបោះឆ្នោតជាតិលើកទី៧ គិតចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះដែរ កម្ពុជាក៏បានដំណើរការការបោះឆ្នោតដោយផ្ទាល់មួយទៀត គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានដំណើរការចំនួន៥លើករួចមកហើយផងដែរ។ សម្ដេចក្រឡាហោម បន្ថែមថា នៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន ២ទៀតផងដែរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ៕