ឯកឧត្តម ប៉ែន បូណា៖ សារព័ត៌មានមួយចំនួនតូចដែលបំពានច្បាប់ មិនមែនជាខ្នាតវាស់លំហសេរីភាពសារព័ត៌មាននៅកម្ពុជាទេ!

“សារព័ត៌មានមួយចំនួនតូចដែលបំពានច្បាប់មិនមែនជាខ្នាតវាស់លំហសេរីភាពសារព័ត៌មាននៅកម្ពុជាទេ!” នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ឯកឧត្តមបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៩ ខែកក្កដានេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សេរីភាពសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស ពីព្រោះព័ត៌មានប្រៀបបាននឹងសរសៃឈាមដែលនាំសារជាតិចិញ្ចឹមទៅកាន់គ្រប់ផ្នែកនៃរាងកាយមនុស្ស ដើម្បីធានាឲ្យមានសុខភាពល្អជាប្រក្រតី។ ពេលដែលសរសៃឈាមណាមួយស្ទះ ផ្នែកណាមួយនៃរាងកាយនឹងត្រូវរងផលប៉ះពាល់ហើយមានដំណើរការមិនប្រក្រតី។ យ៉ាងណាមិញ ការទទួលបានព័ត៌មានមិនគ្រប់គ្រាន់នឹងធ្វើឲ្យយន្តការណាមួយក្នុងសង្គមមិនអាចដំណើរការបានដោយរលូនឡើយ។

បច្ចុប្បន្ន មានសារព័ត៌មានជាង ២០០០ អង្គភាពបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយមានអ្នកសារព័ត៌មាននិងអ្នកធ្វើការក្នុងឧស្សាហកម្មនេះរាប់ម៉ឺននាក់។ បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៧ លាននាក់ វិស័យសារព័ត៌មាននៅកម្ពុជាគឺជាតំណាងឲ្យផ្នែកមួយដ៏សំខាន់នៅក្នុងសង្គម។

យ៉ាងណាក៏ដោយ យើងទទួលស្គាល់ថា សារព័ត៌មាននៅកម្ពុជានៅខ្វះខាតផ្នែកគុណភាពវិជ្ជាជីវៈ។ ក្នុងន័យនេះ ទាំងរាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការ ទាំងក្លិបនិងសមាគមសារព័ត៌មាន ទាំងអង្គភាពសារព័ត៌មាននីមួយៗ និងទាំងអ្នកសារព័ត៌មានខ្លួនឯងបានខិតខំអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់។

អ្នកសារព័ត៌មានមួយចំនួនបានឆ្លងកាត់សាលាកាសែតទាំងក្នុងនិងក្រៅប្រទេស។ រីឯអ្នកសារព័ត៌មានជាច្រើនទៀតបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដើម្បីតម្រង់ទិសវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង។ ជាលទ្ធផល ចំនួនអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈដែលនិយាយបរិហារអ្នកដទៃតាមទំនើងចិត្តបានថយចុះស្ទើរតែអស់ទៅហើយ ដោយម្នាក់ៗបានងាកមកគិតគូរពីវិជ្ជាជីវៈកាន់តែខ្លាំង។

ប៉ុន្តែ ទន្ទឹមនឹងនោះ ស្រាប់តែសារព័ត៌មានដែលទទួលលុយពីបរទេសនិងដែលផ្សាយចេញពីក្រៅស្រុកមួយចំនួនបែរជាបង្ហាញភាពគឃ្លើនខាងវិជ្ជាជីវៈយ៉ាងខ្លាំងទៅវិញ។ ក្រោមស្លាក «សារព័ត៌មានឯករាជ្យ» ពួកគេផ្សាយព័ត៌មានចោទប្រកាន់អ្នកដទៃទាំងបំពានតាមទំនើងចិត្តដោយគ្មានមូលដ្ឋានសម្អាងច្បាស់លាស់។

នៅក្នុងអាជីពជាអ្នកសារព័ត៌មាន មានគោលការណ៍ច្រើនយ៉ាងដែលត្រូវគោរពក្នុងនោះមានគោលការណ៍សំខាន់បីដែលមិនអាចមើលរំលងបានឡើយ៖ គឺច្បាប់ វិជ្ជាជីវៈ និងក្រមសីលធម៌។ គោលការណ៍ច្បាប់មានន័យថា អ្នកសារព័ត៌មានឬអង្គភាពសារព័ត៌មានត្រូវបំពេញបែបបទជាសារព័ត៌មានស្របច្បាប់និងត្រូវគោរពច្បាប់របស់ប្រទេសនៅពេលបំពេញការងារ។ គោលការណ៍វិជ្ជាជីវៈ គឺត្រូវផ្សាយព័ត៌មានពិត ដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ មានភស្តុតាង ឯកសារច្បាស់លាស់ និងជាព័ត៌មានដែលមានតុល្យភាពដើម្បីជាប្រយោជន៍ដល់មហាជននិងសង្គម។

ចំណែកក្រមសីលធម៌តម្រូវឲ្យអ្នកសារព័ត៌មានចៀសវាងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដូចជាពាក្យប្រមាថ មាក់ងាយ ចំអកឡកឡឺយដាក់នរណាម្នាក់តាមទំនើងចិត្តរបស់ខ្លួនជាដើម។

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញបានបើកទូលាយនូវសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយនិងការជួបប្រជុំ។ ប៉ុន្តែ មាត្រាដដែលបានបញ្ជាក់យ៉ាងច្បាស់ថា «ជនណាក៏ដោយមិនអាចឆ្លៀតប្រើប្រាស់សិទ្ធិនេះដោយបំពាននាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនាមទម្លាប់របស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ រីឯរបបសារព័ត៌មានត្រូវរៀបចំដោយច្បាប់»។ យោងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ កម្ពុជាក៏មានច្បាប់ស្តីពីរបបសារព័ត៌មានតាំងពីឆ្នាំ ១៩៩៥ មក។

បើពិនិត្យមើលការផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយចំនួនដូចជាសារព័ត៌មាន មេបូឌា ដេលី និងវិទ្យុអាស៊ីសេរីជាដើម យើងឃើញច្បាស់ថា ពួកគេបំពានគោលការណ៍ទាំងបីដូចបានលើកឡើងខាងលើយ៉ាងគឃ្លើនបំផុត។ គោលការណ៍ច្បាប់៖ ពួកគេមិនបានបំពេញបែបបទស្របតាមច្បាប់កម្ពុជាដើម្បីបំពេញការងារជាអ្នកសារព័ត៌មានឡើយ។ លើសពីនេះ ពួកគេបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៤១ ទាំងស្រុង។
គោលការណ៍វិជ្ជាជីវៈ ពួកគេផ្សាយព័ត៌មានដែលមានលក្ខណៈញុះញង់ ចោទប្រកាន់ទៅលើថ្នាក់ដឹកនាំ និងបុគ្គលឯកជនជាច្រើនដោយគ្មានភស្តុតាងរឹងមាំក្រៅតែពីការរៀបរាប់ច្បោលៗតាមរបៀបវារៈដែលខ្លួនចង់បាន ហើយព័ត៌មានដែលពួកគេផ្សាយគ្មានតុល្យភាពទាល់តែសោះ។

រីឯគោលការណ៍ក្រមសីលធម៌៖ ពួកគេប្រើប្រាស់ពាក្យសម្តីប្រមាថ មើលងាយ ចំអកឡកឡឺយដល់ថ្នាក់ដឹកនាំជាតិតាមទំនើងចិត្តដែលធ្វើឲ្យប៉ះពាល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលយ៉ាងខ្លាំង។
នៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើសារព័ត៌មានទាំងនោះ មានមនុស្សមួយក្រុមជាពិសេសខ្មែរដែលទទួលលុយពីបរទេស និងអង្គការបរទេសមួយចំនួនដែលលម្អៀងខាងនយោបាយតែងចោទរាជរដ្ឋាភិបាលថា «បំបិទសិទ្ធិសេរីភាពសារព័ត៌មានឯករាជ្យដែលហ៊ានរិះគន់រដ្ឋាភិបាល»។

ពួកគេបានយកពាក្យ«រិះគន់»មួយម៉ាត់មកប្រើដោយមិនបានបែងចែកថា អ្វីជាការរិះគន់, អ្វីជាការជេរប្រមាថ និងអ្វីជាការចោទប្រកាន់និងមួលបង្កាច់ទាំងបំពាននោះឡើយ។ ជាការពិត ការរិះគន់ដើម្បីកែលម្អគឺជាធាតុដ៏សំខាន់នៅក្នុងសារព័ត៌មាន ប៉ុន្តែ ការជេរប្រមាថនិងមួលបង្កាច់ដោយគ្មានភស្តុតាងគឺជាអ្វីដែលវិជ្ជាជីវៈនេះហាមជាដាច់ខាត។
សរុបមកវិញ លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមិនមែនយកសារព័ត៌មានមួយចំនួនតូចដែលបំពានច្បាប់របស់កម្ពុជាមកវាស់វែងឡើយ ប៉ុន្តែ ត្រូវយកកម្រិតវិជ្ជាជីវៈនៃសារព័ត៌មានទាំងមូលមកធ្វើជាម៉ែត្រវាស់ទើបជាការត្រឹមត្រូវ។

សារព័ត៌មានទាំងឡាយអាចបំពេញការងាររបស់ខ្លួននៅកម្ពុជាដោយគ្មានបញ្ហាអ្វីទាំងអស់ឲ្យតែពួកគេគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ ជាក់ស្តែង សារព័ត៌មានបរទេសដូចជា វិទ្យុបារាំងអន្តរជាតិ(RFI ) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) ព្រមទាំងស្ថាប័នសារព័ត៌មានជាងពីរពាន់ផ្សេងទៀតបាននិងកំពុងដំណើរការជាធម្មតានៅកម្ពុជា។

ចុះហេតុដូចម្តេចបានជាសារព័ត៌មានមួយចំនួនតូចមិនអាចធ្វើបាន? តើមកពីរាជរដ្ឋាភិបាលកម្ពុជាបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ឬមកពីអ្នកសារព័ត៌មានទាំងនោះផាត់ខ្លួនឯងចេញពីសង្វៀនពីព្រោះពួកគេគ្រាន់តែប្រើស្ថាប័នសារព័ត៌មានធ្វើជាឡប់ឡែដើម្បីបិទបាំងរបៀបវារៈនយោបាយរបស់ខ្លួន?
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយច្បាស់លាស់ក្នុងការគាំពារសេរីភាពសារព័ត៌មាន។

ប្រមុខរាជរដ្ឋាភិបាលបានរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ និងតែងចេញសេចក្តីថ្លែងការណ៍ក៏ដូចជាថ្លែងផ្ទាល់មាត់ជាញឹកញាប់ដើម្បីគាំទ្រសេរីភាពសារព័ត៌មាន។ ប្រមុខរាជរដ្ឋាភិបាលក៏តែងដាស់តឿនក្រើនរំលឹកដល់អ្នកសារព័ត៌មានថា«កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត» និងថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តដើម្បីការពារក្តីឲ្យអ្នកសារព័ត៌មានថែមទៀត។

ដូច្នេះ នៅសល់តែអ្នកសារព័ត៌មានឬស្ថាប័នសារព័ត៌មានខ្លួនឯងទេដែលត្រូវគិតគូរធ្វើយ៉ាងណា ដើម្បីអាចឈរជើងបាននៅក្នុងទីលានប្រកួតប្រជែងខាងវិជ្ជាជីវៈដ៏ស្រួចស្រាល់ក្នុងចំណោមសារព័ត៌មានដ៏សម្បូរបែប និងចម្រុះពណ៌នៅកម្ពុជា៕