ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីបំភ្លឺ ករណីឈ្មោះ កែវ សុវណ្ណឬទ្ធិ បានបង្ហោះសារជាវីដេអូ នៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការស្នើសុំក្រសួងពាក់ព័ន្ធចូលធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានៃការលុបឈ្មោះបេក្ខជនរូបនេះ។
សេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដានេះបានឲ្យដឹងថា ករណីនេះ ក្រសួងសូមបំភ្លឺដូចខាងក្រោម៖
១. នៅមុនការប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៨ អយក.សជណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ស្តីពីលក្ខខណ្ឌជ្រើសរើស ដោយបានកំណត់៖ កម្រិតវប្បធម៌, អាយុ, នៅលីវរហូតដល់បញ្ចប់ការសិក្សា, កម្ពស់ (នារី ចាប់ពី ១,៥៥ម ឡើងទៅ បុរស ចាប់ពី ១,៦៥ម ឡើងទៅ), និងបានបញ្ជាក់ថា “ករណីបេក្ខជនក្លែងបន្លំឯកសារ ឬល្មើសនឹង លក្ខខណ្ឌនៃការជ្រើសរើសណាមួយដូចបញ្ជាក់ខាងលើ ត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះប្រឡងជាប់ជាស្ថាពរ ករណ៏រកឃើញក្រោយពេលប្រឡង“។
២. ការដាក់ពាក្យប្រឡង និងការប្រឡងគឺប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ ក្រោយពីប្រកាសលទ្ធផលប្រឡង បេក្ខជន ដែលប្រឡងជាប់ត្រូវមកដាក់ពាក្យចូលរៀនដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយគ្រប់បេក្ខជនទាំងអស់ត្រូវទៅពិនិត្យកាយសម្បទាដោយផ្ទាល់នៅនាយកដ្ឋានសុខភាពសិក្សានិងត្រូវបានវាស់កម្ពស់ជាក់ស្តែងដោយគណៈកម្មការ។ ជាលទ្ធផល គណៈកម្មការបានពិនិត្យនិងរកឃើញថា គរុសិស្ស គរុនិស្សិតចំនួន១២នាក់ ខុសនឹងលក្ខខណ្ឌនៃការប្រឡងនៃការជ្រើសរើសគ្រូ បង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ហើយក្នុងចំណោមនោះមានឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលបានជ្រើសរើស ប៉ុស្តិ៍បម្រើការងារនៅវិទ្យាល័យហ៊ុនសែនពញាក្រែក ខេត្តត្បូងឃ្មុំ មានកម្ពស់ជាក់ស្ដែងគឺ ១,៦២ម ខុសនឹងកម្ពស់ដែលរបេក្ខជន បានបំពេញក្នុងពាក្យស្នើសុំប្រឡងគឺ ១,៦៥ម។ ដោយពិនិត្យឃើញថា កម្ពស់ដែលបានបំពេញនៅក្នុងឯកសារ និងកម្ពស់វាស់ជាក់ ស្តែងខុសគ្នា ផ្ទុយពីលក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ផ្អែកតាមគោលការណ៍ ដែលបានកំណត់ ក្រសួងបានសម្រេចលុបឈ្មោះចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្ដុះបណ្តាលនៅវិទ្យាស្ថានជាតិ
អប់រំកាយ និងកីឡា។
៣. ចំពោះករណីគរុនិស្សិតឈ្មោះ ឌី បញ្ញា ដែលបានប្រឡងជាប់តាមប្រព័ន្ធអនឡាញ ក្រសួងបានសម្រេចលុបឈ្មោះ ចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រោយពីគរុនិស្សិតនេះមិនបានមកបង្ហាញខ្លួនដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
៤. ក្រសួងបានបំភ្លឺជូនមាតាបិតា និងអាណាព្យាបាលរបស់បេក្ខជន និងបេក្ខជន តាមរយៈការប្រជុំដោយផ្ទាល់នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២៕