សៀវភៅមានចំណងជើងថា សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានចេញផ្សាយជាសាធារណៈនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ សៀវភៅនេះ បានរៀបរាប់ពីសមិទ្ធផល របស់រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេស ភាពជោគជ័យ ក្នុងវិស័យការទូតសភា។ នេះបើតាមការប្រកាសរបស់រដ្ឋសភា នៅថ្ងៃទី១៩ ខែកក្កដានេះ។
រដ្ឋសភាបានឲ្យដឹងថា វិស័យការទូតសភាជាកិច្ចការមួយរបស់រដ្ឋសភានៅលើឆាកអន្តរជាតិ ក្នុងចំណោមកិច្ចការជាច្រើនរបស់រដ្ឋសភា ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ មានដូចជាការតាក់តែងច្បាប់ ភាពជាតំណាងរបស់ប្រជាពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ជាដើម។
សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានលើកឡើងថា ជាទូទៅកិច្ចការងារការទូតត្រូវគេយល់ឃើញថាការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលអនុវត្តតាមរយៈក្រសួងការបរទេស និងប្រមុខការទូតប្រចាំប្រទេសនីមួយៗ។ ប៉ុន្តែនៅក្នុងទស្សវត្សចុងក្រោយនេះ ស្ថាប័ននីតិប្បញត្តិដែលមានតួនាទីស្នូលជាតំណាងប្រជាជាតិ និងប្រជាពលរដ្ឋទំាងមូល បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងសៀវភៅនោះថា ទោះបីមិនបានរៀបរាប់អស់ពីសកម្មភាពរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការដឹកនាំរដ្ឋសភា ប្រមាណជាងបីអាណត្តិមកនេះក្តី តែសៀវភៅមួយក្បាលនេះ បានបង្ហាញពីផ្នែកខ្លះ នៃបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្តេច ក្នុងការលើកកម្ពស់កិត្តិយស កិត្យានុភាពរបស់រដ្ឋសភាកម្ពុជា ក៏ដូចជាប្រទេសជាតិទំាងមូល នៅលើឆាកអន្តរជាតិ។
សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា មានកម្រាស់ជិត៣០០ទំព័រ បានចែកជា៥ជំពូកធំៗ។ ក្រៅពីការផ្តោតជាសំខាន់លើកិច្ចការទូតសភា សៀវភៅក៏បានរំលេចផងដែរពីប្រវត្តិនិងស្នាដៃបម្រើជាតិនិងប្រជាជនជាច្រើនទៀត របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តំាងពីដើមមក។
សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញនិងលើកកម្ពស់វិស័យការទូតសភា សំដៅលើកកម្ពស់និងជំរុញដល់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលេីឆាកអន្តរជាតិ៕