កូរ៉េ ​ប្ដេជ្ញាជួយកសាងជំនាញវិជ្ជាជីវៈលើផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការងារ និងនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា កាលព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣។

នាឱកាសនោះ លោក Rho Hyun Jun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានបង្ហាញការគាំទ្រលើបេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកនេះ ជាពិសេសលើបេសកកម្មក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ក៏ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។

ដោយលោកបានបញ្ជាក់ដែរថា៖« រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់បំផុតទី២នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះ បណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ»។

ជុំវិញរឿងនេះ ដែរ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណចំពោះ KOICA ដែលកន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គ្រូបច្ចេកទេស និងសិស្ស-និស្សិត ផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម។ ជាមួយគ្នានេះ លោកក៏មានការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូអង្គការ KOICA ខណៈសាធារណរដ្ឋកូរ៉េក៏មានការរីកចម្រើនលើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានបង្ហាញក្ដីសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យ TVET ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

គួរបញ្ជាក់ដែរថា កិច្ចជំនួបពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ ក៏មានការនចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» ផងដែរ។

បើតាមក្រសួងការងារ បានបញ្ជាក់ថា គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំ បណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។

គម្រោងនេះ គឺនឹងអនុវត្តរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT៕ 

អត្ថបទ៖ ពិសី