សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ នៅមានការប្រកួតជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញការបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។

តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោបបន្តថា “ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។”

សម្តេចបានបញ្ជាក់ថា៖ “តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា”៕

អត្ថបទ៖ អក្ខរា