ក្រសួងទេសចរណ៍៖ ចរន្តភ្ញៀវទេសចរអន្តរជាតិ នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដានេះ បានឲ្យដឹងពីតួលេខភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់ ខេត្តបាត់ដំបង ៣៥,៦៦៤នាក់ រាជធានីភ្នំពេញ ៣៣,២១១នាក់ ខេត្តកំពត ២៧,៦៧៥នាក់ ខេត្តសៀមរាប ២២,៥៣៥នាក់ ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់ ខេត្តពោធិ៍សាត់ ១១,២៧៧នាក់ និងខេត្តកែប ១១,០៧៦នាក់។

បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លង​មក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។

តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយ​សារ​មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្ត​ផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕