សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានអ្នកចូលរួមប្រមាណ១ ០០០នាក់។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ CWPUC បានចាត់តាំងផ្នែកនីមួយៗចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនសមាជិក សមាជិកជួបការលំបាក សរុបចំនួន១២០នាក់ ដោយចំណាយថវិកាសរុបប្រមាណ៦០លានរៀល។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណ CWPUC ចំពោះការខិតខំប្រឹងប្រែងរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលបានរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសពីក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេចបានថ្លែងលើកទឹកចិត្ត CWPUC បន្តកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានតាមទិសដៅការងាររបស់ខ្លួន និងធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព។ ដោយឡែក ក្នុងក្របខណ្ឌគណបក្ស សម្ដេចបានណែនាំអង្គពិធីចូលរួមផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងចូលរួមសកម្មភាពឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត៕