ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យសម្រេចបានជោគជ័យ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គណៈប្រតិភូបានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។ បេសកកម្មរបស់ប្រតិភូ OIF នាពេលនេះ គឺមានបំណងជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ នៅពេលបញ្ចប់បេសកកម្ម គណៈប្រតិភូ OIF នឹងចេញជារបាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្តល់អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាតដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម៕
អត្ថបទ៖ អក្ខរា