រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញ​រថយន្តក្រុង​ ៣៥០​គ្រឿង សម្រាប់​​ដឹកពលរដ្ឋទៅ​បោះ​ឆ្នោត​នៅស្រុកកំណើត ​​ដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។ ការបញ្ចេញរថយន្តក្រុងសម្រាប់ដឹកជញ្ជូនពលរដ្ឋនេះ  នឹងធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ។

នៅរសៀលថ្ងៃទី១៨ កក្កដានេះ ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអោយមន្ត្រីពាក់ព័ន្ធ ត្រូវបំពេញការងារនេះអោយបានល្អ ជាមួយនិងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនអ្នកដំណើរ ទាំងទៅនិងមកភ្នំពេញវិញ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យនិងសម្រួលលើការងារនេះ ជាមួយនិងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ។

ដោយឡែក នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ក៏បានណែនាំ ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋា​គារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យ កម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ។

ក្រសួងការងារ ក៏ព្រមានដែរថា ក្នុងករណី រកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរ​មាន​។ ហើយក្នុងករណីមានការមិនអនុវត្តតាមសេចក្ដីណែនាំខាងលើ សូមបងប្អូនកម្មករនិយោជិតផ្ដល់ព័ត៌​មាន​មកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ឬខ្សែទូរសព្ទបន្ទាន់ ១២៩៧។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕