នៅតាមអង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះ ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ នៅលើផ្ទៃសមុទ្រ និងធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចេញនេសាទ ដោយសារកំឡុងពេលនេះ នៅលើផ្ទៃសមុទ្រ មានព្យុះ និងរលកធំៗ។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីអាកាសធាតុនៅកម្ពុជា នាយកដ្ឋាននគរបាលការពារព្រំដែនទឹក អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរកំសាន្តតាមតំបន់ឆ្នេរ និងកោះ ក្នុងដែនសមុទ្រនៃកម្ពុជា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕
អត្ថបទ៖ អក្ខរា