ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្តីប្រកាសលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ឯកឧត្តមបញ្ជាក់ថា ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។ ឯកឧត្តមក៏បានចង្អុលបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕
អត្ថបទ៖ អក្ខរា